ភាសាកួយ
អត្ថបទនេះបកប្រែពីអត្ថបទដើមជាភាសាអង់គ្លេសនៅទំព័រទី ៨ ដល់ ១៥ ត្រង់ចំណុច សេចក្ដីផ្ដើម ក្នុងសៀវភៅ KUAY in CAMBODIA: a vocabulary with historical comments សរសេរដោយ លោក Gérard Diffloth ។
ភាសាកួយ
ភាសាកួយហាក់ដូចជាមិនមែនជាភាសាច្បាស់លាស់ នៅភូមិខ្លះដែលគេនិយាយថា នៅមានមនុស្សនិយាយភាសាកួយ យើងបែរជាឮគេនិយាយតែភាសាខ្មែរទៅវិញ ។ ជាការពិតទៅ អ្នកដែលនិយាយភាសាកួយ ក៏ចេះភាសាខ្មែរយ៉ាងស្ទាត់ផងដែរ ។ ទោះជាយ៉ាងណាក្ដី ភាសាកួយនៅរស់នៅឡើយ តែប្រហែលជាសម្ងំខ្លួនឆ្ងាយពីទីប្រជុំជន ឬក៏នៅតាមគ្រួសារមួយចំនួនប៉ុណ្ណោះ ។
នៅកន្លែងណាដែលមានមនុស្សនិយាយភាសាកួយ គេអាចមើលឃើញឥទ្ធិពលភាសាខ្មែរយ៉ាងច្បាស់ រហូតដល់មានអ្នកហ៊ាននិយាយថា ភាសាកួយ គ្រាន់តែពាក្យនិយាយលាយច្របល់តែប៉ុណ្ណោះ ។ ជាសាកល ភាសាណាក៏ដោយក៏មានការលាយឡំនិងភាសាមួយទៀតដែរ ។ ភាសាអង់គ្លេសខ្ចីពាក្យពីភាសាបារាំង, ភាសាខ្មែរខ្ចីពាក្យពីភាសាសំស្ក្រឹត ហើយភាសាកួយក៏ខ្ចីពាក្យពីភាសាខ្មែរ ។ ចំណុចដ៏គួរឲ្យចាប់អារម្មណ៍នោះគឺ កម្ចីខ្លះមានអាយុកាលយូរមកហើយ ហើយអាចផ្ដល់ទិន្នន័យយ៉ាងសំខាន់អំពីប្រវត្តិនៃប្រភពភាសា ។ ពាក្យកួយមួយចំនួន ដែលខ្ចីពីភាសាខ្មែរអាចមានប្រយោជន៍ក្នុងការស្វែងយល់បន្ថែមពី ភាសាខ្មែរបុរាណ នៅលើសិលាចារឹក និងប្រវត្តិនៃភាសាខ្មែរ ។
ប៉ុន្តែនេះមិនមែនជាគោលបំណងរបស់យើងទេ ។ បើយើងទុកពាក្យកម្ចីមួយឡែក យើងឃើញថា ភាសាកួយ មានប្រព័ន្ធភាសាវិទ្យាផ្ទាល់ខ្លួន ហើយនិងប្រវត្តិសាស្ត្រឯករាជ្យមួយនៅក្នុងពេលដែលកន្លងផុតមកយូរហើយ ។ វាអាចជារឿងចម្លែកព្រោះថា យើងមិនដែលឃើញមានសៀវភៅប្រវត្តិសាស្ត្រណានិយាយអំពី ជនជាតិ និងភាសាកួយនោះទេ ហាក់ដូចជាពួកគេមិនស្ថិតនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាអញ្ចឹងដែរ ។ តាមពិតនេះក៏ដោយសារការស្រាវជ្រាវទាំងនោះ ពឹងផ្អែកលើសំណេរលើផ្ទាំងថ្ម និងឯកសារផ្សេងៗ ទៀតដែលប្រើប្រាស់អក្សរ ។ ដោយសារ ជនជាតិកួយ គ្មានអក្សរ ដូច្នេះវាហាក់ដូចជាថា ពួកគេគ្មាននៅក្នុងប្រវត្តិសាស្ត្រអញ្ចឹងដែរ ។ តែមកដល់ពេលនេះ ការសិក្សាស្រាវជ្រាវបានរីកទូលំទូលាយ គេមិនសិក្សាត្រឹមតែសំណេរលើផ្ទាំងថ្មទៀតទេ យើងសិក្សាបន្ថែមលើមុខវិទ្យាមួយដែលហៅថា ភាសាវិទ្យាប្រវត្តិសាស្ត្រ (Historical Linguistic) ដោយសិក្សាប្រៀបធៀបការវិវត្តរបស់ពាក្យមួយតាំងពីអតីតកាល មកដល់បច្ចុប្បន្ន ។

ដូចយើងដឹងស្រាប់ហើយថា ភាសាដើមនៅអាស៊ីអាគ្នេយ៍ដីគោក គឺអម្បូរភាសាអូស្ត្រូអាស៊ី ដែលមានភាសាខ្មែរ និងកួយនៅក្នុងនោះដែរ ។ ក្នុងអម្បូួរភាសានេះ មានសាខាជាច្រើនទៀត (យ៉ាងហោចណាស់ ១២សាខា ដូចរូបខាងលើ) ។ នៅប្រទេសកម្ពុជាសព្វថ្ងៃ យើងឃើញមាន សាខានៃអម្បូរភាសានេះចំនួន ៤ គឺ ខ្មែរ (Khmeric), បាហ៍ណា (Bahnaric), កាទូ (Katuic) និង ព័រ (Pearic) ។ ភាសាខ្មែរ ជាសាខាមួយដោយខ្លួនឯង ដោយមានចំនួនអ្នកនិយាយច្រើនជាងគេ និងមានប្រព័ន្ធសំណេរយូរយារណាស់មកហើយ ។ នៅផ្នែកខាងកើតប្រទេស ភាសាមួយចំនួនដូចជា ប្រៅ (Brao), គ្រឹង (Krueng), ទំពួន (Tempaun), ព្នង (Phnong) ស្ថិតនៅក្នុងសាខា បាហ៍ណា ។ ចំណែកឯ ភាសាកួយ ស្ថិតនៅក្នុងសាខា កាទូ ។ ព័រ ជាសាខាមួយដែលមាន ភាសាចំនួន ៥ ជាភាសាដែលមានចំនួនអ្នកនិយាយតិចជាងគេ ងាយនឹងរងគ្រោះថ្នាក់ ។ ភាសាព័រ មាននិយាយនៅភាគខាងលិច និងនិរតីនៃប្រទេស ។ សារុបជារួម យើងអាចនិយាយថា ភាសាខ្មែរ និងភាសាកួយ ជាបងប្អូនជីដូនមួយនិងគ្នា ។
ប្រភពអត្ថបទ៖ https://tamabmmo.wordpress.com/2016/10/23/kuay-language/