ភាសាកួយ

អត្ថបទ​នេះបក​ប្រែពី​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស​​នៅ​ទំព័រ​ទី ៨ ដល់ ១៥​ ត្រង់ចំណុច សេចក្ដី​ផ្ដើម ​ក្នុង​សៀវភៅ​ KUAY in CAMBODIA: a vocabulary with historical comments សរសេរ​ដោយ ​លោក Gérard Diffloth ។

ភាសាកួយ

ភាសា​កួយ​ហាក់​ដូច​ជា​មិន​មែន​ជា​ភាសា​ច្បាស់​លាស់ នៅ​ភូមិ​ខ្លះ​ដែល​គេ​និយាយ​ថា​ នៅ​មាន​មនុស្ស​​និយាយ​ភាសា​កួយ​ យើង​បែរ​ជា​ឮ​គេ​និយាយ​តែ​ភាសា​ខ្មែរ​ទៅវិញ ។ ជាការ​ពិត​ទៅ អ្នក​ដែល​​និយាយ​ភាសា​កួយ​ ក៏​ចេះ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ផង​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ភាសាកួយ​នៅ​​រស់​នៅឡើយ តែ​ប្រហែល​ជាសម្ងំខ្លួន​ឆ្ងាយពី​ទី​ប្រជុំជន​ ឬ​ក៏នៅតាម​គ្រួសារ​មួយ​ចំនួន​ប៉ុណ្ណោះ ។

នៅ​កន្លែង​ណា​ដែល​មាន​​មនុស្ស​និយាយ​ភាសា​កួយ គេ​អាច​មើល​ឃើញ​ឥទ្ធិពល​ភាសា​ខ្មែរ​យ៉ាង​ច្បាស់ រហូត​ដល់​មាន​អ្នក​ហ៊ាន​និយាយ​ថា ភាសា​កួយ​ គ្រាន់តែ​ពាក្យនិយាយ​លាយ​ច្របល់​តែ​ប៉ុណ្ណោះ ។ ជាសាកល ភាសា​ណា​ក៏​ដោយ​​ក៏មាន​ការ​លាយ​ឡំ​និង​​ភាសា​មួយ​ទៀត​ដែរ ។ ភាសា​អង់គ្លេស​ខ្ចី​​ពាក្យ​ពីភាសា​បារាំង, ភាសា​ខ្មែរ​ខ្ចី​ពាក្យ​ពី​ភាសា​សំស្ក្រឹត​ ហើយ​ភាសា​កួយ​ក៏​ខ្ចី​ពាក្យ​ពី​ភាសា​ខ្មែរ ។ ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ កម្ចី​ខ្លះ​មាន​អាយុ​កាល​យូរ​មក​ហើយ ហើយ​អាច​ផ្ដល់​ទិន្ន​ន័យ​យ៉ាង​សំខាន់​អំពី​ប្រវត្តិ​នៃ​ប្រភព​ភាសា ។ ពាក្យ​កួយ​មួយ​ចំនួន​ ដែល​ខ្ចី​ពី​ភាសា​ខ្មែរ​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ស្វែង​យល់​បន្ថែម​ពី ភាសា​​ខ្មែរ​បុរាណ នៅ​លើ​សិលាចារឹក និង​ប្រវត្តិ​នៃ​ភាសា​ខ្មែរ ។

ប៉ុន្តែនេះ​មិន​មែន​ជា​គោល​បំណង​របស់​យើង​ទេ ។ បើ​យើង​ទុក​ពាក្យ​កម្ចី​មួយ​ឡែក យើង​ឃើញ​ថា​ ភាសា​កួយ​ មាន​ប្រព័ន្ធ​ភាសាវិទ្យា​ផ្ទាល់​ខ្លួន ហើយ​និង​ប្រវត្តិ​សាស្ត្រ​​ឯករាជ្យ​មួយ​​នៅ​ក្នុង​ពេល​ដែល​កន្លង​ផុត​មក​យូរ​ហើយ ។ វា​អាច​ជា​រឿង​ចម្លែក​ព្រោះ​ថា យើង​​មិន​ដែល​ឃើញ​មាន​សៀវភៅ​ប្រវត្តិសាស្ត្រ​ណា​និយាយ​អំពី​ ជនជាតិ​ និង​ភាសា​កួយ​នោះទេ ហាក់​ដូច​ជា​ពួក​គេ​មិន​ស្ថិត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា​អញ្ចឹង​ដែរ ។ តាមពិត​នេះ​ក៏​ដោយ​សារ​ការ​ស្រាវ​ជ្រាវ​​ទាំង​នោះ ពឹង​ផ្អែក​លើ​សំណេរ​លើ​​ផ្ទាំង​ថ្ម និង​ឯកសារ​​ផ្សេង​ៗ ទៀត​ដែល​ប្រើ​ប្រាស់​អក្សរ ។ ដោយ​សារ ជនជាតិ​កួយ គ្មាន​អក្សរ​ ដូច្នេះ​វា​ហាក់​ដូច​ជា​​ថា​ ពួកគេ​គ្មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អញ្ចឹង​ដែរ ។ តែ​មក​ដល់​ពេល​នេះ ការ​សិក្សា​ស្រាវជ្រាវ​បាន​រីក​ទូលំទូលាយ គេមិនសិក្សា​ត្រឹម​តែ​សំណេរ​លើ​ផ្ទាំង​ថ្ម​ទៀត​ទេ យើង​សិក្សា​បន្ថែម​លើ​មុខ​វិទ្យា​មួយ​ដែល​ហៅ​ថា ភាសាវិទ្យាប្រវត្តិសាស្ត្រ (Historical Linguistic) ដោយ​សិក្សាប្រៀបធៀប​ការ​វិវត្ត​របស់​ពាក្យ​មួយ​តាំង​ពីអតីត​កាល​ មក​ដល់​បច្ចុប្បន្ន ។

សាខា​នៃ​អម្បូរ​ក្រុម​ភាសា​អូស្ត្រូ​អាស៊ី

ដូ​ច​យើង​ដឹង​ស្រាប់​ហើយ​ថា ភាសា​ដើម​នៅ​អាស៊ី​អាគ្នេយ៍​ដី​គោក​ គឺ​អម្បូរ​ភាសា​អូស្ត្រូ​អាស៊ី ដែល​មាន​ភាសា​ខ្មែរ និង​កួយ​នៅ​ក្នុង​នោះ​​ដែរ ។ ក្នុង​អម្បូួរ​ភាសា​នេះ មាន​សាខា​ជា​ច្រើន​ទៀត (យ៉ាង​ហោច​ណាស់ ១២​សាខា​ ដូច​រូប​ខាង​លើ) ។ នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ យើង​ឃើញ​មាន​ សាខា​នៃ​អម្បូរ​ភាសា​នេះ​ចំនួន​ ៤ គឺ ខ្មែរ (Khmeric), បាហ៍ណា (Bahnaric), កាទូ (Katuic) និង ព័រ (Pearic) ។ ភាសា​ខ្មែរ ជា​សាខា​មួយ​ដោយ​ខ្លួន​ឯង ដោយ​មាន​ចំនួន​អ្នក​និយាយ​ច្រើន​ជាង​គេ និង​មាន​ប្រព័ន្ធ​សំណេរ​យូរយារ​ណាស់​មក​ហើយ ។ នៅផ្នែក​ខាង​កើត​ប្រទេស ភាសា​មួយ​ចំនួន​ដូច​ជា ប្រៅ (Brao), គ្រឹង (Krueng), ទំពួន (Tempaun), ព្នង (Phnong) ស្ថិត​នៅ​ក្នុង​សាខា​ បាហ៍ណា ។ ចំណែក​ឯ ភាសា​កួយ​​ ស្ថិត​នៅ​ក្នុង​សាខា កាទូ ។ ព័រ ជាសាខា​មួយ​ដែល​មាន​ ភាសា​ចំនួន​ ៥ ​​ជា​ភាសា​ដែល​មានចំនួន​​អ្នកនិយាយ​តិច​ជាង​គេ ងាយ​នឹង​រង​គ្រោះ​ថ្នាក់ ។ ភាសា​ព័រ មាននិយាយ​នៅ​ភាគ​ខាង​លិច និង​និរតី​នៃ​ប្រទេស ។ សារុប​ជារួម​ យើង​អាច​និយាយ​ថា ភាសា​ខ្មែរ និង​ភាសា​កួយ​ ជាបង​ប្អូន​ជីដូន​មួយ​និង​គ្នា ។

ប្រភពអត្ថបទ៖ https://tamabmmo.wordpress.com/2016/10/23/kuay-language/

Leave a comment